ប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការកកស្ទះ និងចំណេញពេលវេលា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ប្រជាពលរដ្ឋ ងាកមកធ្វើការស្វែងយល់បន្ថែមលើការប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាពិសេសវិធីប្រើប្រាស់គន្លងស្វ័យប្រវត្តិ ETC ដើម្បីចេញចូលបានលឿនរហ័ស មិនចំណាយពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះ។
ក្រសួងបន្តថា ដើម្បីចេញចូលតាមគន្លងស្វ័យប្រវត្តិ ETC ដែលនៅខាងឆ្វេងបង្អស់ តម្រូវឱ្យមានបំពាក់ឧបករណ៍ETC នៅជាប់កញ្ចក់រថយន្ត រួចបញ្ចូលសមតុល្យជាមុន តាមរយៈធនាគារដៃគូ។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដេីម្បីដឹងពីវិធីបញ្ចូលសមតុល្យ និងពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ករណីចង់បំពាក់ឧបករណ៍ ETC បងប្អូនអាចស្នើសុំតាមវិធីងាយៗ នៅតាមការិយាល័យស្ថានីយទាំង ៨ទីតាំង នៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប Aeon មានជ័យ ដោយនាំយករថយន្តដែលត្រូវបំពាក់ទៅជាមួយ រួមនឹងឯកសារតម្រូវ(ច្បាប់ដើម) ដូចជា៖
(១) អត្តសញ្ញាណបណ្ណ
(២) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) និង
(៣)បណ្ណសម្គាល់យានយន្ត(កាតគ្រី)។
ក្រសួងបន្ថែមថា សម្រាប់បងប្អូនដែលនៅមិនទាន់មានឧបករណ៍ETC សូមប្រើប្រាស់គន្លងធម្មតាតម្រូវឱ្យយកកាតនៅច្រកចូល និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក បងប្អូនអាចប្រឈមនឹងការរង់ចាំយូរ ពេលទូទាត់ និងអាប់សាច់ប្រាក់នៅច្រកចេញ។
ក្រសួងសាធារណការ លើកឡើងថា ប្រជាពលរដ្ឋល្អ គោរពច្បាប់ចរាចរណ៍ និងប្រើប្រាស់គន្លងចេញចូលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕