ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការចូលរួមរបស់ស្រ្តី ពិតជាមានសារសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការចូលរួមរបស់ស្រ្តីពិតជាមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះការប្រារព្ធពិធីដ៏មានអត្ថន័យនេះ ក្រោមប្រធានបទ «ស្ដ្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងសម័យបរិវត្តកម្មឌីជីថលនេះ ស្ដ្រីនិងក្មេងស្រីជំនាន់ក្រោយ ចាំបាច់ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងប្រើប្រាស់ឱ្យបានល្អ និងសមស្របតាមកាលៈទេសៈ ដើម្បីជាប្រយោជន៍ និងតាមទាន់ការវិវត្តនៃសម័យកាលសង្គម។
ជាមួយគ្នាដែរនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការចូលរួមរបស់ស្រ្តីពិតជាមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែង វិស័យកសិកម្មមានការចូលរួមពីស្ត្រីប្រមាណ ២៤% ស្មើនឹង ១.៤៤០នាក់ ហើយក្រសួងនឹងជំរុញឱ្យមានការចូលរួមបន្ថែម ដោយវាយតម្លៃផ្អែកលើគុណាធិបតេយ្យ សមត្ថភាព លទ្ធភាព និងសក្ដានុពលរបស់ស្ដ្រី» ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមឱ្យមានការគិតគូរបន្ថែមទៀតការងារស្ត្រី ដោយត្រូវពង្រឹងបន្ថែមទៀត និងត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាព បើកឱកាស និងផ្តល់អាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព លទ្ធភាពពេលវេលា និងចង់ធ្វើការពិតប្រាកដ មានការទទួលខុសត្រូវ ត្រូវបានលើកទឹកចិត្ត និងចូលរួមកម្លាំងជាមួយបុរស ដើម្បីភាពរីកចម្រើន។
សូមជម្រាបជូនថា ការប្រារព្ធទិវាអន្តរជាតិនាទី ៨មីនានេះ មានអ្នកចូលរួមចំនួន ៨០០នាក់ ដោយក្នុងនោះម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ និងអំណោយមួយចំនួន៕