សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការពង្រឹងសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ
ភ្នំពេញ៖ ក្នុងពេលអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងវេទិកាតុមូលលើកទី២ ស្តីពីសមភាព និងចំនួនស្មើគ្នារវាងស្រ្តីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងពីតួនាទីគម្រូរបស់ស្រ្តី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការពង្រឹងសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ជាផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៨) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅលើវិស័យសំខាន់ៗរួមមាន សេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំសាធារណៈ។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា រដ្ឋសភាបានប្តេជ្ញាចិត្តក្នុងបុព្វហេតុលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងភាពជាតំណាងរបស់ខ្លួន “យើងបានបញ្ជាក់ច្បាស់នូវវិធីសាស្ត្រផ្តោតលើយេនឌ័រ និងការរឆ្លើយតបទៅនឹងតម្រូវការយេនឌ័រក្នុងការស្វែងរកការគាំទ្រមតិលើការបង្កើតច្បាប់ និងគោលនយោបាយ”។
សម្តេចប្រធានរដ្ឋសភា បានបន្តទៀតថា នៅពេលយើងអាចលើកកម្ពស់កម្រិតនៃសមភាពយេនឌ័របាន យើងមិនត្រឹមតែអាចកៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ ហើយយើងក៏អាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកទី១ ដែលរដ្ឋសភាប្រទេសបាំងធ្វើជាម្ចាស់ផ្ទះ មានការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តី មកពីប្រទេសចំនួន២៥ នៅទូទាំងពិភពលោក ដែលមកជួបជុំគ្នាដើម្បីជំរុញបន្ថែមទៀតនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរពីបញ្ហាស្រ្តីនិងក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តី និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ ជាងនេះទៀត អ្វីដែលសំខាន់គឺ សភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។
កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ចំនួនពីរ គឺទី១ មានប្រធានបទ ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងទី២មានប្រធានបទ សមភាពនិងចំនួនស្មើគ្នារវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងទៅកាន់អង្គប្រជុំបន្តថា ភាពជាអ្នកដឹកនាំរបស់ស្ត្រី មិនមែនគ្រាន់តែជារឿងនិទាននោះទេ តែជាសក្ខីកម្មនៃភាពធន់ និងសមត្ថភាពរបស់ស្រ្តី។ ស្ត្រីបានបង្ហាញនូវភាពជាអ្នកដឹកនាំដែលរួមបញ្ចូលដោយលក្ខណៈនៃការយល់ចិត្ត ការយកចិត្តទុកដាក់ ការចែករំលែក និងភាពជាអ្នកដឹកនាំល្អិតល្អន់ទាំងនៅតាមគេហដ្ឋាន និងក្នុងវិស័យវិជ្ជាជីវៈ។
សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអង្គប្រជុំថា គេត្រូវទទួលស្គាល់ពីធម្មជាតិដែលបានចាក់ឬសយ៉ាងជ្រៅក្នុងវិសមភាពយេនឌ័រ។ ស្ត្រីនិងក្មេងស្រីតែងប្រឈមទៅនឹងអំពើហិង្សា ការរំលោភបំពាន និងការផ្តល់តម្លៃមិនស្មើគ្នា ទាំងនៅតាមផ្ទះ កន្លែងធ្វើការ និងតាមសហគមន៍ ព្រមទាំងមិនទាន់បាននូវឱកាសរៀនសូត្រ រកប្រាក់ចំណូល និងដឹកនាំថែមទៀតផង។ ការដោះស្រាយវិសមភាពយេនឌ័រ គឺជាបញ្ហាសកលមួយដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប មិនមែនសម្រាប់តែស្ត្រីប៉ុណ្ណោះទេ។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាការជួបជុំប្រធានសភាជាស្រ្តីនាឱកាសនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តី។ តំណាងស្រ្តីដែលបានជជែក ពិភាក្សាយ៉ាងហ្មត់ចត់អំពីប្រធានបទដ៏មានសក្តានុពលរវាងសមភាពយេនឌ័រ ភាពស្មើគ្នា និងការពង្រឹងអំណាចនៅក្នុងនយោបាយ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ស្ត្រីគម្រូក្នុងសង្គម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “ស្ត្រីត្រូវកសាងសមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីចាប់យកនូវកាលានុវត្តភាព ដែលគាំទ្រដោយបរិយាកាសអំណោយផល រួមបញ្ចូលទាំងការគាំទ្រពីក្រុមគ្រួសារ ដៃគូ និងសហគមន៍។ យើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរបទដ្ឋានសង្គម រួមមានផ្នត់គំនិត ក៏ដូចជាប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច សំដៅផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីឱ្យពួកគេអាចសម្រេចបាននូវសក្តានុពលរបស់ខ្លួន”៕