កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីអបអរសាទរ ខួបទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
ភ្នំពេញ៖ ដើម្បីអបអរសាទរ ខួបទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល ប្រមាណជាង ៦០នាក់។
ថ្លែងក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រី អ្នកស្ម័គ្រចិត្តិកាកបាទក្រហមកម្ពុជាទាំងអស់។ ជាមួយគ្នានេះ លោកជំទាវ ហួន ច័ន្ទបូរ៉ាន នាយិកា នាយកដ្ឋានទំនាក់ទំនង បានឡើងអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអគ្គលេខាធិការ បានអនុញ្ញាតឱ្យមន្ត្រីជំនាញផ្សព្វផ្សាយនូវទស្សនទានរបស់កាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាព និងចំណេះដឹងថ្មីៗបន្ថែមទៀត និងឈានឆ្ពោះទៅទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ» ហើយជាការវាយតម្លៃបងប្អូនជាមន្ត្រីនិងអ្នកស្ម័គ្រចិត្តច្រើនជាង៨០% មានការយល់ដឹងវិធីសាស្ត្រធ្វើឱ្យមានសុខភាពល្អ និងកសាងភាពធនទៅនឹងអាកាសធាតុ។
ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានក្រើនរំលឹកមន្ត្រីទាំងរបស់សូមអនុវត្តនូវបទវិន័យ ៤ចំណុចសំខាន់ៗនៃ១១ចំណុច របស់កាកបាទក្រហមកម្ពុជា បានចែងសម្រាប់មន្ត្រីទាំងអស់យកទៅអនុវត្ត និងបំពេញភារកិច្ចស្នូលកាន់តែប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពនិងសុខភាពរបស់ប្រជាពលរដ្ឋ និងរួមចំណែកបំពេញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដល់ឆ្នាំ២០៣០ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕