ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ប្រកបដោយសេចក្តីសោមនស្សរីករាយ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ដ៏ស្មោះស្ម័គ្រ និងសូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានជន្មាយុយឺនយូរ បន្តសម្រេចបានជោគជ័យថ្មីៗបន្ថែម ទៀតលើគ្រប់ភារកិច្ចការងារ និងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ សម្រាប់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរដោយស្មោះនូវគំរូវីរភាពដ៏ឧត្តុង្គឧត្ដម ប្រកបដោយកតញ្ញូតាធម៌យ៉ាង ជ្រាលជ្រៅបំផុត ចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត គឺជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម មានឧត្តមគតិខ្ពស់ បទពិសោធន៍ ជ្រៅជ្រះ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសការរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការកែទម្រង់ និងអភិបាលកិច្ច ធានាបាននូវវឌ្ឍនភាព ស្ថេរភាព សន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិសង្គហបណ្ឌិត មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ ៕