ឯកឧត្តម លី ច័ន្ទតុលា ជម្រុញដល់មេធាវីដែលជាស្រ្តីអោយបន្តចូលរួមលើកតម្កើងឧត្តមភាព និងកិត្យានុភាព និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់នារី ឱ្យស័ក្តិសមទៅនឹងតម្លៃរបស់ស្ត្រី
ភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មេធាវីស្ត្រីក្នុងបុព្វហេតុឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី» ផ្សាភ្ជាប់ទៅនឹងប្រធានបទរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគឺ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ។
ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវីជាស្រ្តី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីជាស្រ្តី ព្រមទាំងមានការចូលរួមដោយមេធាវីស្រ្តី ចំនួន ២១០នាក់ ផងដែរ។
នៅក្នុងកម្មវិធីក៏មានការអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយលោកស្រីមេធាវី ជា សុកនួន សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ការថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងបុគ្គលិកស្រ្តីគណៈមេធាវី ដោយលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី និងការថ្លែងចំណាប់អារម្មណ៍របស់តំណាងមេធាវីស្រ្តី ដោយលោកជំទាវ ឈីវ ភិរម្យ ផងដែរ។
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវមតិសំណេះសំណាល និងពាក្យពេចន៍ជជូនពរប្រកបដោយអត្ថន័យដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី និងបុគ្គលិកគណៈមេធាវីជាស្រ្តី។ លើសពីនេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្ត និងជម្រុញដល់បុគ្គលិកគណៈមេធាវី និងមេធាវីដែលជាស្រ្តីទាំងអស់អោយបន្តចូលរួមលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់នារី ឱ្យស័ក្តិសមទៅនឹងតម្លៃរបស់ស្ត្រី ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកថា “ស្ត្រីជាត្បូងដ៏មានតម្លៃ” “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។
កម្មវិធីនេះ ក៏មានការចែកជូននូវវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាដ៏ស្រស់ស្អាត ដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី បុគ្គលិកគណៈមេធាវីជាស្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ ៕