សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី ប៉ែន សារី និងក្រុមគ្រួសារ ចំពោះមរណភាពលោក ចាន់ វ៉ែន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសាររំលែកទុក្ខ ផ្ញើជូនលោកស្រី ប៉ែន សារី និងក្រុមគ្រួសារ ចំពោះការទទួលមរណភាពរបស់លោក ចាន់ វ៉ែន។
ក្នុងសាររំលែកទុក្ខបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ចាន់ វ៉ែន ជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ម៉ោង០៥៖២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសង្វេគ ព្រមទាំងសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ព្រោះថាមរណភាពរបស់ឯកឧត្តម ចាន់ វ៉ែន គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន បញ្ញាស្មារតីបម្រើដល់បុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ វ៉ែន សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕