ក្រសួងអប់រំ រៀបចំកម្មវិធីប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសារទរទិវាជាតិអំណាន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសារទរទិវាជាតិអំណាន ១១ មីនា ២០២៤ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកទទួលបន្ទុករៀបចំ “ទិវាជាតិអំណាន” ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានា ដើម្បីរៀបចំទិវានេះជារៀងរាល់ឆ្នាំប្រកបដោយប្រសិទ្ធភាព ។
សូមជម្រាបថា អនុក្រឹត្យលេខ ១២០អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណានបានកំណត់យកថ្ងៃ១១ មីនា សម្រាប់ប្រារព្ធទិវាជាតិអំណាន ដែលជាថ្ងៃកំណើតសម្តេចសង្ឃរាជ ជួន ណាត ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ការអាន និងតែងនិពន្ធ៕