គណបក្សប្រជាជនកម្ពុជា ផ្ញើលិខិតចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនៃសពឯកឧត្ដម ចាន់ វ៉ែន
ភ្នំពេញ៖ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតចូលរួមមរណទុក្ខ និងសម្ដែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្ដួលបំផុតដោយលោក ចាន់ វ៉ែន សមាជិកគណៈកម្មាធិការកណ្ដាល ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
ជាមួយនឹងការសោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់ឯកឧត្ដម ចាន់ វ៉ែន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមគោរពកោតសរសើរ និងកត់ត្រាទុក្ខនូវរាល់ស្នាដៃ និងគុណបំណាច់របស់ឯកឧត្ដម ចាន់ វ៉ែន ដែលជាឥស្សរជនមួយរូប ប្រកបដោយព្រហ្មវិហារធម៌ និងបានចូលរួមតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានខិតខំតស៊ូលះបង់កម្លាំងកាយ កម្លាំងចិត្ត ធនធាន បញ្ញាស្មារតីគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខដោយ ក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសពឯកឧត្ដម ចាន់ វ៉ែន និងសូមបួងសួងឱ្យ វិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីខានឡើយ៕