រដ្ឋមន្ត្រីអប់រំ៖ ការតាំងពិព័រណ៌សៀវភៅ គឺជាយុទ្ធនាការមួយ បំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជន
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការតាំងពិព័រណ៌សៀវភៅ គឺជាយុទ្ធនាការមួយក្នុងការបំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជន។
ឯកឧត្ដមបានឡើងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីពិព័រណ៌សៀវភៅក្រោមការរៀបចំរបស់ក្រសួងអប់រំ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា ការតាំងពិព័រណ៌សៀវភៅនេះដើម្បីពិសេសបង្កើតថ្នាលទំនាក់ទំនងរវាងអ្នកអាន និងអ្នកនិពន្ធសៀវភៅ ដើម្បីចែករំលែកបទពិសោធន៍ការលើកទឹកចិត្ត និងការបណ្តុះទម្លាប់នៃការអាន និងតែងនិពន្ធសម្រាប់កសាងអនាគតសង្គមជាតិឱ្យភ្លឺថ្លា។
សូមបញ្ជាក់ថា ពិព័រណ៌សៀវភៅឆ្នាំនេះ ធ្វើឡើងក្រោមការរៀបចំរបស់ក្រសួងអប់រំ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៩-១១ មីនា ២០២៤៕