សម្តេចធិបតី៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh នឹងដើរតួនាទីគន្លឹះ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។
ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រៅពីសមិទ្ធផលខាងលើនេះ សម្ដេចបានគូសរំលេចអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម ដោយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត៖ គម្រោងបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រពន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធអេឡិចត្រនិកពន្ធដារនិងគយ ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រព័ន្ធចុះបញ្ជីអាជីវកម្មនិងផ្ដល់អាជ្ញាបណ្ណ ប្រព័ន្ធអប់រំឌីជីថលនិងអេឡិចត្រនិក ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ប្រព័ន្ធគ្រប់គ្រងដីធ្លីនិងយានយន្តជាដើម។
ក្នុងនោះថ្នាលផ្លាស់ប្ដូទិន្នន័យកម្ពុជា Cambodia Data Exchange (CAMDX) ដែលជាថ្នាលគន្លឹះមួយ បាននិងកំពុងប្រើប្រាស់ដោយស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការចែករំលែកនិងផ្លាស់ប្ដូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ជ័យលាភីអន្តរជាតិក្នុងកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល Future of Government Award 2022 ផងដែរ។ នេះជាមោទនភាពមួយថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារឌីជីថលូបនីយកម្មក្នុងវិស័យរដ្ឋាភិបាល៕