សម្តេចធិបតី គូសរំលេច និងរម្លឹកឡើងវិញ ពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក្នុងការងារជំរុញឌីជីថលូបនីយកម្ម
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នាថ្ងៃទី១១ មីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេច និងរម្លឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក្នុងការងារជំរុញឌីជីថលូបនីយកម្ម។
ថ្លែងលើវេទិការដ្ឋាភិបាលឌីជីថលលើកទី១ សម្ដេចធិបតីបញ្ជាក់ថា «ខ្ញុំចង់យកឱកាសនេះគូសរំលេច និងរម្លឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ. គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្ត ជាដើម»។
សម្តេចធិតីលើកឡើងថា ថ្នាលផ្លាស់ប្ដូទិន្នន័យកម្ពុជា Cambodia Data Exchange (CAMDX) ដែលជាថ្នាលគន្លឹះមួយ បាននិងកំពុងប្រើប្រាស់ដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែកនិងផ្លាស់ប្ដូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ជ័យលាភីអន្តរជាតិក្នុងកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល Future of Government Award 2022 ផងដែរ។ នេះជាមោទនភាពមួយថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារឌីជីថលូបនីយកម្មក្នុងវិស័យរដ្ឋាភិបាល។
សម្តេចធិបតី បន្ថែមថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ៕