ឃាត់ខ្លួនជនជាតិចិនម្នាក់ បម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន ដកហូតថ្នាំញៀនជិត ៥គីឡូក្រាម
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ (តៃវ៉ាន់) ដែលបម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន តាមជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជនសង្ស័យរូបនេះមានឈ្មោះ ហ័ង ថឹងយ៉ាវ (HUANG TENG YAO) ជនជាតិចិន (តៃវ៉ាន់) ដែលជាអ្នកដំណើរតាមជើងយន្តហោះ ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។
វត្ថុតាងចាប់យកបាន គឺមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣៥ដុំដែលរុំជាប់ខ្លួនជនល្មើស ទម្ងន់សរុប ៤៩៦៥.៣០ក្រាម។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕