សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅកាសែត និងវិទ្យុមួយនៅក្រៅប្រទេស កុំបង្ខូចឈ្មោះមន្រ្ដីរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រើពាក្យមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដោយវិទ្យុមួយនៅក្រៅប្រទេស គឺមិនមានវិជ្ជាជីវៈនោះទេ ហើយមន្រ្តីរបស់រាជរដ្ឋាភិបាល គឺបានយល់ច្បាស់ពីការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់ពីបរទេសមកធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយសម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាលល្ងង់ដល់ថ្នាក់មិនស្គាល់ពាក្យ BOT នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោងអភិវឌ្ឍន៍នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ៕