រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ខ្ញុំអាចធ្វើការពេញដៃពេញជើង ដើម្បីបម្រើជាតិមាតុភូមិបាន គឺដោយសារមានមេផ្ទះដ៏ឆ្នើម ភរិយាដ៏ល្អ និងជាម្តាយដ៏ប្រពៃ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះភរិយាជាទីស្រឡាញ់ថា ឯកឧត្តមអាចធ្វើការពេញដៃពេញជើង ដើម្បីបម្រើជាតិមាតុភូមិបាន គឺដោយសារមានមេផ្ទះដ៏ឆ្នើម ភរិយាដ៏ល្អ និងជាម្តាយដ៏ប្រពៃ ផ្តល់ភាពកក់ក្តៅដល់កូនៗក្នុងក្រុមគ្រួសារ ឈរនៅពីក្រោយជួយគាំទ្រ និងជ្រោមជ្រែង ទើបឯកឧត្តមរដ្ឋមន្រ្តី មានឱកាសបានធ្វើការបម្រើប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យឆ្លើយតបនឹងតម្រូវរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការជាស្រ្តី នៅក្នុងឱកាសអបអរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សារលើកទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺដើម្បីជំរុញ និងផ្តល់ឱកាសឱ្យចំនួនស្ត្រីជាថ្នាក់ដឹកនាំក្នុងក្រសួងមានការកើនឡើង។ ជាការពិតណាស់ តួនាទីដ៏មានសារៈសំខាន់របស់ស្រ្តី ដែលមិនត្រឹមតែជាមាតា ជាភរិយា ជាកូនស្រី ជាបងស្រី ជាប្អូនស្រី សម្រេចបាននូវបរិយាកាសកក់ក្តៅក្នុងក្រុមគ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះទេ ស្ត្រីថែមទាំងបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការងារដឹកនាំការងារគ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្មក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងសម្រេចបាននូវស្នាដៃជាច្រើនក្នុងបេសកកម្ម ថែរក្សាបរិស្ថាន សន្តិសុខ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្របញ្ច្រាបយេនឌ័រក្នុងវិស័យបរិស្ថាន សំដៅលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងវិស័យបរិស្ថាន មិនតែប៉ុណ្ណោះរាល់ផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន គឺមានការគិតគូរយេនឌ័រ ដូចជាផែនការយុទ្ធសាស្ត្រ «ការអភិវឌ្ឍជីវភាពមូលដ្ឋាន» ដែលជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដែលគិតគូរពីជីវភាព និងសុខុមាលភាពរបស់ស្ត្រីជាចម្បង។
លើសពីនេះ ឆ្លើយតបនឹងប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៃទិវានារីអន្តរជាតិ ៨មីនានេះ ការធ្វើឌីជីថលរូបនីយកម្មនៅកម្ពុជា បានជំរុញឱ្យមានការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលកាន់ទូលំទូលាយ និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ ដើម្បីកសាងសង្គមស៊ីវិល័យ មួយដែលមានប្រជាពលរដ្ឋទាំងស្ត្រី បុរស អាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន និងភាពជឿទុកចិត្ត សុវត្ថិភាព ព្រមទាំងរក្សាបានអត្តសញ្ញាណវប្បធម៌ជាតិ៕