សម្តេចធិបតី៖ រាជរដ្ឋាភិបាលខិតខំដាក់ចេញគោលនយោបាយឱ្យចេញជាសមិទ្ធផលជាក់ស្តែងលើដី ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កាលនៅរយះពេល ២ឆ្នាំមុន គឺអាចនឹងមានប្រជាពលរដ្ឋមួយចំនួនគិតថា គម្រោងកសាងមន្ទីរពេទ្យធំតេជោសែនកោះធំ គិតថា មិនដឹងពេលណាបានរួចរាល់នោះទេ ជួនកាលអាច១០ឆ្នាំ ប៉ុន្តែតាមការពិត មិនដល់ ២ឆ្នាំផង បានសម្រេចការសាងសង់អគារមួយនេះរួចរាល់ និងបំពាក់ទៅដោយឧបករណ៍ទំនើបៗអស់ប្រមាណទឹកប្រាក់ ៤លានដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តម្រូវការរបស់ប្រជាពលរដ្ឋត្រូវការទំនើបកម្ម បច្ចេកវិទ្យា និងការដោះស្រាយតម្រូវការបានលឿន ទើបរាជរដ្ឋាភិបាលខិតខំដាក់ចេញគោលនយោបាយ មិនមែនមានតែនៅលើក្រដាសនោះទេ។ ប៉ុន្តែត្រូវធ្វើយ៉ាងណាខិតខំឱ្យទៅជាសមិទ្ធផលលើដីជាក់ស្តែងជូនប្រជាពលរដ្ឋ ៕