ក្រសួងបរិស្ថាន៖ ៦ខែ កូនឈើជាង ៥៥ម៉ឺនដើមត្រូវបានបណ្តុះ សម្រាប់យុទ្ធនាការចែកកូនឈើ១លានដើម ជូនប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ
ភ្នំពេញ៖ ក្រសួងបរិស្ថានបានបញ្ជាក់ថា រយ:ពេល៦ខែ កូនឈើសរុបចំនួនជាង ៥៥ម៉ឺនដើម ត្រូវបានបណ្តុះ ដោយ មន្ទីរបរិស្ថាន រាជធានី-ខេត្ត សម្រាប់យុទ្ធនាការចែកកូនឈើ១លាន ដើម ជូនប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ។
គិតរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើសរុបចំនួន ៥៥៦,៨៧៩ ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន២០៥ ៣៦៨ដើម។
ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ១០ តុលា ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឱ្យយបាន៦០% នៅឆ្នាំ២០៥០៕