ក្រសួងបរិស្ថាន និង EU រួមគ្នាផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន
ភ្នំពេញ៖ ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០។
ពិធីដាំដើមឈើជានិមិត្តរូប និងពង្រឹងភាពជាដៃគូដើម្បីភាពបៃតងនៅកម្ពុជានេះ បានប្រារព្ធឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបណ្តុះ និងដាំកូនឈើ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីភាពបៃតង ដែលជាយុទ្ធសាស្រ្តស្នូលទី២ក្នុងយុទ្ធសាស្រ្តស្នូលទាំង៣ រួមមានភាពស្អាត ភាពបៃតង និងចីរភាព ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ជាមួយគ្នានេះ នៅថ្ងៃទី១០ កក្កដា ខាងមុខនេះ គឺជាទិវាពិព័រណ៍ដើមឈើ ដើម្បីបង្ហាញ និងចែកចាយកូនឈើគ្រប់ប្រភេទដល់សាធារណៈជន ដោយឥតគិតថ្លៃ ហើយទិវានេះនឹងបានឆ្លុះបញ្ចាំងអំពីភាពជាគំរូ ក្នុងការការពារអភិរក្សដើមឈើ ព្រៃឈើរបស់កម្ពុជា ដែលជាចរណៃភាពបៃតងរបស់យើង ហើយប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានប្រាក់ចំណូលពីដើមឈើ ពីព្រៃឈើ តាមរយៈការលក់កាបូន និងការវិនិយោគបៃតងជាមួយដៃអភិវឌ្ឍន៍នានា។
ស្របនឹងការថ្លែងឡើងនេះ លោកជំទាវ ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិ បានថ្លែងគាំទ្រចំពោះកម្ពុជា ក្នុងការប្តេជ្ញាចិត្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការបណ្តុះស្មារតីយុវជនឱ្យស្រឡាញ់ ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ដែលនេះគឺជាវត្ថុបំណងដ៏ចម្បងរបស់សហគមន៍អឺរ៉ុប ក្នុងនោះអឺរ៉ុបមានយុទ្ធនាការ EU ForOurPlanet ដើម្បីរួមគ្នាជាមួយកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូររយៈពេលយូរអង្វែងរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ៕