រយៈពេល៦៣ថ្ងៃ ក្រសួងយុត្តិធម៌ ដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួន៦,៨០០សំណុំរឿង ស្មើនឹង៩៩%
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាព នៃការដោះស្រាយសំណុំរឿងអត្រានុកូលដា្ឋន នៅតាមសាលាដំបូងរាជធានី ខេត្ត។
យោងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងរយៈពេល៦៣ថ្ងៃ ក្រោយពីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌» ដែលរួមមាន៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សាលាដំបូង រាជធានី ខេត្ត ទូទាំងប្រទេស បានផ្តោតអាទិភាពខិតខំដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនប្រមាណ៦,៨០០សំណុំរឿង ស្មើនឹង ៩៩% នៃចំនួនសំណុំរឿងដែលនៅសល់មុនពេលចាប់ផ្ដើមយុទ្ធនាការ។
បន្ថែមពីនេះ សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ក៏បានដោះស្រាយនូវសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ជាបន្តបន្ទាប់ក្រោយពេលចាប់ផ្តើមយុទ្ធនាការ បានចំនួនសរុបប្រមាណ ១,០៤០ សំណុំរឿង ផងដែរ។
ក្រសួងយុត្តិធម៌ ក្នុងនាមគណៈបញ្ជាការដឹកនាំយុទ្ធនាការ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ ព្រមទាំងសមាជិកនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការ និងក្រុមការងារដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល។
ក្រសួងយុត្តិធម៌ សង្ឃឹមយ៉ាងមុតមាំថា តួអង្គពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមកាន់តែសកម្មបន្ថែមទៀត សំដៅរួមចំណែកធ្វើឲ្យយុទ្ធនាការ «ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព
នៃយុត្តិធម៌» អាចសម្រេចលទ្ធផលបាន ស្របតាមទិសដៅ និងផែនការដែលបានគ្រោងទុក៕