ប្រមុខរដ្ឋស្ដីទី បញ្ចប់គោរមងារ (ឧកញ៉ា) ពីអ្នកនាង ឡេង ចាន់ណា
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងា (ឧកញ៉ា) ពីឧកញ៉ា ឡេង ចាន់ណា ដែលត្រូវបានសមត្ថកិច្ចចាប់ ហើយតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារពីប្រជាពលរដ្ឋនៅខេត្តសៀមរាប។
ក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី បានបញ្ជាក់យ៉ាងដូច្នេះថា (ត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា)។
សូមជម្រាបថា ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ [ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)] តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ (សម្អាតប្រាក់) តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០៣នាក់ខាងលើជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។