អគ្គលេខាធិការដ្ឋាន នៃគ.ល.ក. សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”
ភ្នំពេញ៖ នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមអធិបតីភាពឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កុល ធារិន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា, ឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា, ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ, តំណាងសាលាដំបូងនិងអយ្យការអមសាសាដំបូងខេត្ត, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពក្រុង-ស្រុក-ឃុំ-សង្កាត់, រដ្ឋបាល ក្រុង-ស្រុក-ឃុំ-សង្កាត់, មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តតាកែវ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាង ប្រមាណ ៣២០នាក់។
កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង៖
១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និងដោះស្រាយ នូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
២.បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គលេខាធិ ការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការ ក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.។
៣. លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញ អនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុសផុល និងតាមការណែនាំរបស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រួចមក ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពក្រុង-ស្រុក-ឃុំ-សង្កាត់, រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ បានប្ដេជ្ញាយ៉ាងមុតមាំថា នឹង ចាត់វិធានការបង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន។
កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅខេត្តតាកែវ” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរស្របតាមការរំពឹងទុក ៕