សម្តេចធិបតី៖ ការដើរទាក់ម៉ូយ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនពលរដ្ឋ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងដើរទាក់ម៉ូយ ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កន្លងមក សម្តេចតែងតែបានជួបជាមួយតំណាងក្រុមហ៊ុន វិនិយោគិននៅក្រៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីឱកាសនិងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ប៉ុន្តែការសម្រេចចិត្តណាមួយនោះមិនអាចធ្វើឡើងដោយភ្លាមៗនោះទេ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការវាយតម្លៃខុសណាមួយនោះគឺដោយសារមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាប្រជាពលរដ្ឋចង់ដឹងពីដំណើរវិវត្តនៃគម្រោងវិនិយោគផ្សេងៗ សូមចូលមើលក្នុងការផ្សាយរបស់ CDC និងក្រសួងស្ថាប័នផ្លូវការរបស់រាជរដ្ឋាភិបាល ៕