រាជរដ្ឋាភិបាល ដាក់ចេញវិធានគន្លឹះ ដោយជ្រើសរើសមន្ត្រីរាជការ តាមនីតិវិធីថ្មី ធានាបានភាពត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញវិធានគន្លឹះ តាមរយៈកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ ដោយជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មី ដែលធានាបាននូវភាពត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មីក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដើម្បីបង្កើនល្បឿនជំរុញបន្ថែម លើកិច្ចការកំណែទម្រង់មួយចំនួន ក្នុងគោលដៅកែលម្អនិងឈានទៅកសាងសមត្ថភាពនិងយន្តការស្ថាប័នរឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយចីរភាពនិងសមិទ្ធកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា តាមរយៈការដាក់ចេញនូវវិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ គឺរាជរដ្ឋាភិបាល បានជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មី ដែលបានចេញអនុក្រឹត្យដាក់ឱ្យអនុវត្តន៍និយាមនិតិប្រតិបត្តិSOP ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
សម្តេចធិបតី បន្តទៀតថា រាជរដ្ឋាភិបាលថ្មី បានកំពុងរៀបចំសេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារ និងប្រតិបត្តិការរដ្ឋបាលសាធារណៈ នៅក្នុងគោលដៅឆ្ពោះទៅរកការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន។ បន្ថែមពីនោះទៀត បាននិងកំពុងរៀបចំប្រមូលទិន្នន័យពាក់ព័ន្ធនឹងប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្មតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងគោលដៅឆ្ពោះទៅរកការកែលម្អប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្ម។ សម្តេចបន្ថែមថា រាជរដ្ឋាភិបាល បានកំពុងរៀបចំសេចក្តីព្រាងផែនការឆ្នាំ២០២៤ ២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈផងដែរ ៕