គណៈប្រតិភូរដ្ឋបាលសង្កាត់ឬស្សីកែវ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលសង្កាត់ឬស្សីកែវ ដឹកនាំដោយលោក មូល វីរៈ ចៅសង្កាត់ឬស្សីកែវ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត នៅវេលាម៉ោង១៧៖៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គិតពេលនេះមានរយៈពេល២១ថ្ងៃហើយ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅវត្តឧណ្ណាលោម។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិស ដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿង ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ដជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។ ព្រះវីរភាព និងស្នាព្រះហស្ដជាច្រើនមិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតបានចូលរួមចំណែកបម្រើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនជារៀងរហូតមក។
លោកចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃសង្កាត់ឫស្សីកែវ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួលជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕