ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជេីញជួបសំណេះសំណាល និងកាត់ខ្សែរបូរ សម្ភោធឆ្លងសមិទ្ធផលនានា នៅវត្តមង្គលវ័នជ្រង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តមង្គលវ័នជ្រង បានរៀបចំពិធីកាត់ខ្សែបូរសម្ភោធឆ្លងសមិទ្ធផលនានា ក្រោមវត្តមានអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វស្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដា្ឋភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណេីរដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងចៅអធិការវត្តមង្គលវ័នជ្រង អភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងលោកយាយលោកតា ប្រជាពលរដ្ឋដែររស់នៅស្រុកបារាយណ៍អញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោក អួង សារឿន អភិបាលស្រុកបារាយណ៍បានអាននូវរបាយការណ៍ស្តីពីការសាងសងសមិទ្ធផលនានានៅក្នុងវត្តមង្គលវ័នជ្រង បានសម្រេចបាននូវ អគារបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សាមង្គលវ័នជ្រង ខ្លោងទ្វារចំនួន៣ ឈាបនដ្ឋានចំនួន១ បង្គោលភ្លេីង ៧២ដេីម សួនត្រាស់ដឹង សួនផ្កាប្រវែង ៣០០ម៉ែត្រ ផ្លូវបេតុង៣ខ្សែប្រវែង ១៧០ម៉ែត្រ និងគ្រឿងបំពងសម្លេង បង្គោលសូឡា ដោយចំណាយទឹកប្រាក់ទាំងអស់សរុបចំនួន ៤៥០,៦២៧ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណ និងកោតសសេីរ វាយតម្លៃខ្ពស់ចំពោះព្រះគ្រូចៅអធិការវត្តមង្គលវ័នជ្រង និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយទាំងអស់ដែរបានរួមចំណែកកសាង និងជាបច្ច័យ ដេីម្បីឱ្យសមិទ្ធផលទាំងនេះកកេីតឡេីងនៅវត្តមង្គលវ័នជ្រង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ការចូលរួមនេះជាការរួមចំណែកដល់ការលេីកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងឆ្លុះបញ្ចាំងបង្ហាញឱ្យឃេីញពីជំនឿយ៉ាងខ្ជាប់ខ្ជួន រួមទាំងការប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនាផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបំពាក់នូវគ្រឿងឥស្សរិយយសជូនដល់ព្រះចៅអធិការវត្តមង្គលវ័នជ្រង ព្រះភិក្ខុសង្ឃ ព្រះគ្រូ អភិបាលស្រុកបារាយណ៍ រួមទាំងឧបាសក ឧបាសិកាផងដែរ។
ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិត ថោង ខុន រួមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានកាត់ខ្សែបូរសម្ភោធឆ្លងនូវសមិទ្ធផលនានាក្នុងវត្តមង្គលវ័នជ្រងចាប់ពីពេលនេះតទៅ ៕