ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់កម្លាំងអាវុធហត្ថក្រោមឱវាទ ទូទាំងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ ព្រមទាំង ប្រគល់អំណោយលើកទឹកចិត្តរួមមាន ទឹកក្រូចដប ២,៥០០ កែស, អាវយឺត ២,៥០០អាវ, ស្វាយកែវរមៀត ៨ តោន, ទឹកដោះគោបឺត ៣០០កែស និង ថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ។
ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ដូច្នេះដើម្បីជាការលើកទឹកចិត្ត ទើបជារៀងរាល់ឆ្នាំ លោកឆ្លៀតពេលរៀបចំពិធីជួបជុំសំណេះសំណាល នេះឡើង ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប ០១កេស, អាវយឺត០១, ទឹកដោះគោបឺត ចំនួន ០១ យួរ ព្រមទាំង ផ្លែស្វាយ ទឹកសុទ្ធ គ្រប់ៗគ្នា និងរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល បានចូលរួមសប្បាយមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ ដែលឆ្នាំនេះពិធីជប់លៀងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរម្លឹកផងដែរថា ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ បងប្អូនត្រូវចងចាំជានិច្ច នូវវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រំដោះប្រជាជនកម្ពុជា នាថ្ងៃ ៧ មករា ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ហើយសម្តេចតេជោជា ស្ថាបនិក មគ្គុទ្ទេសក៍ឯក ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ជាពិសេសសម្តេចតេជោ បានជួយសង្គ្រោះប្រជាជនកម្ពុជា ជាលើកទី២ ដោយសម្តេចបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្ដារស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័សនិងមានឈ្មោះជាប្រទេសតូច បេះដូងធំ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តការដឹកនាំពីសម្តេចតេជោ ដោយដាក់ចេញនូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជាបន្តបន្ទាប់ដែលមានជំហរមុតមាំបន្តថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការឯកភាពជាតិ។ ដូច្នេះក្នុងនាមអាវុធហត្ថ ក្រៅពីទទួលរ៉ាប់រងអនុវត្តការងារតាមតួនាទីភារកិច្ចនិងសហការណ៍ជាមួយស្ថាប័ន សមត្ថកិច្ច កម្លាំងប្រដាប់អាវុធផ្សេងទៀតដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ យើងក៏ត្រូវតែចេះតាមដានព័ត៌មានផ្សេងៗ និងត្រូវក្តាប់ឲ្យបានរាល់ព័ត៌មានតាមបណ្តាខេត្តរាជធានីក៏ដូចជាពិភពលោក ដើម្បីជាត្រីវិស័យឆ្លុះបញ្ចាំងដល់ខ្លួនយើងឲ្យបានដឹងបានយល់វែងឆ្ងាយជៀសវាងកុំឲ្យដូចកង្កែបក្នុងអណ្តូង ព្រោះសម័យនេះគឺជាសម័យឌីជីថល និងជាសម័យ AI ហើយបច្ចេកវិទ្យារបស់ពួកឧក្រិដ្ឋជនក៏ដូចជាជនល្មើស ឬភេរវករ ក៏Update តាមសម័យកាលហ្នឹងដែរ បើយើងតាមសភាពការណ៍មិនទាន់ទេ គឺយើងបង្ក្រាបពួកទាំងហ្នឹងមិនបានឡើយ។
នៅចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់បងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមអនុវត្តឲ្យបាននូវគោលការណ៍របស់លោកចំនួនពីរគឺ៖ ទី១៖ ត្រូវចេះតាមដានសុខភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានជាប់ជាប្រចាំ ក្នុង១ឆ្នាំត្រូវទៅមន្ទីរពេទ្យឆែកសុខភាពយ៉ាងហោចណាស់១ឬ២ដងឲ្យបានទៀងទាត់។ ទី២៖ ត្រូវចេះធ្វើផែនការសេដ្ឋកិច្ចក្នុងគ្រួសារ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល និងដកប្រាក់សន្សំត្រៀមទុកប្រើប្រាស់ក្នុងពេលចាំបាច់ ៕