អភិបាលខេត្តកំពង់ធំ ណែនាំដល់គណៈកម្មការរៀបចំសង្ក្រាន្ត និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មី ឱ្យបានល្អ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពទីតាំង និងដំណើរការរៀបចំសង្ក្រាន្តកំពង់ធំ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងវិទ្យាល័យកំពង់ធំផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លែងថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមក ដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ធំ” នៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានអធឹកអធម ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមការគ្រោងទុក បានធ្វើការណែនាំដល់គណៈកម្មការរៀបចំសង្ក្រាន្ត រួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង រៀបចំចាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ ឱ្យបានល្អ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងស្ទឹងសែន សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅសល់តែជាង កន្លះខែទៀតប៉ុណ្ណោះ។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុងស្ទឹងសែន ត្រូវពន្លឿនការរៀបចំស្ដងពិពណ៌ទំនិញចម្រុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានា អោយបានសមរម្យ មានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងពណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានស្អាត ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសម្អាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យ ឲ្យបានល្អប្រសើរជាប្រចាំផងដែរ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ពីសកម្មភាពដែលយើងបានធ្វើ។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ចើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរ ៕