លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំអន្តរក្រសួងនៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (គ.ត.ព.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នសរុបចំនួន ២៤។
គោលបំណងនៃកិច្ចប្រជុំនេះគឺ (១). រាយការណ៍អំពីបច្ចុប្បន្នភាពនៃការរៀបចំសមាសភាព គ.ត.ព. (២). ការធ្វើបទបង្ហាញស្ដីពីកាលបរិច្ឆេទ និងរបៀបវារៈនៃសិក្ខាសាលាស្ដីពីត្រៀមរៀបចំការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា (TPR) លើកទី៣ ក្រោមក្របខ័ណ្ឌអង្គការ WTO (៣). ការធ្វើបទបង្ហាញស្ដីពីកម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការ WTO និង (៤). កិច្ចពិភាក្សាអំពីការត្រៀមសម្រាប់កិច្ចប្រជុំ គ.ត.ព.៕