ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជំរុញឱ្យគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ពង្រឹងការផ្សព្វផ្សាយសកម្មភាពឱ្យទូលំទូលាយដល់សាធារណជន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំទូលាយដល់សាធារណជនដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ។ ការជំរុញនេះ គឺធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថាការពង្រឹងការផ្សព្វផ្សាយនឹងធ្វើឱ្យសាធារណជន បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំងពលកម្មកុមារ ហើយក៏នឹងរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នា២០២៤នេះ គឺជាកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលមានគោលបំណងបង្ហាញពីសមាសភាពនៅក្នុងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ព.ជ.)ក្នុងអាណត្តិថ្មី និងការបង្កើនកិច្ចការសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព។
ក្នុងកិច្ចប្រជុំនេះដែរ ក្រោយពីការប្រកាសសមាសភាពក្នុងអាណត្តិថ្មី កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលពីសំណាក់ក្រសួងពាក់ព័ន្ធនានាដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការផងដែរ។
ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវមានភាពបុរេសកម្ម និងធ្វើសកម្មភាពឱ្យមានប្រសិទ្ធបន្ថែមទៀតដើម្បីបង្ហាញពីវឌ្ឍនភាព និងភាពកាន់តែប្រសើរឡើងបន្ថែមទៀតជុំវិញការប្រឆាំងពលកម្មកុមារ៕