សម្តេចធិបតី៖ សមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាលនឹងមិនអាចកើតមានឡើងបានទេបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាលនឹងមិនអាចកើតមានឡើងបានទេបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ពោលគឺ កត្តាទាំងនេះបានជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យសុខាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិតណាស់ សមិទ្ធិផល និងវឌ្ឍនភាពទាំងអស់នេះឆ្លុះបញ្ចាំងនូវកិច្ចបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធចាប់តាំងពីនីតិកាលមុនៗក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ៕