បណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បានដាក់ចេញការអនុវត្តយុទ្ធសាស្ត្រភាពស្អាត ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ក្រសួងបរិស្ថាន ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។
នៅក្នុងការអនុវត្តយុទ្ធសាស្ត្រភាពស្អាត ក្រសួងបានដាក់ចេញ រួមមាន៖
-ភាពស្អាតបរិស្ថានជារូបវន្ត រួមមាន ភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក
-ភាពស្អាតក្នុងផ្នត់គំនិត រួមមាន ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាពស្អាតរបស់កម្ពុជា
-ភាពស្អាតលើឆាកអន្តរជាតិ រួមានភាពស្អាតរបស់កម្ពុជាជាមួយដៃគូ ភាពស្អាតរបស់កម្ពុជាក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជាលើសកលលោក។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបានដាក់ចេញភាពស្អាតលើផ្ទៃដី តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៣ និង កំពុងទទួលបានជោគជ័យ ដោយគិតមកទល់ថ្ងៃនេះ មានការចូលរួម គាំទ្រពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ព្រះសង្ឃ ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដែលមាន ចំនួនសរុបប្រមាណ ៥,៧លាន អង្គ/នាក់។
យោងតាមប្រសាសន៍ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន ត្រៀមដាក់ចេញយុទ្ធនាការសម្អាតកម្ពុជា ដែលជាយុទ្ធនាការចំណាយពេល ១០នាទី ក្នុងមួយសប្ដាហ៍សម្អាតបរិវេណជុំវិញផ្ទះ វត្តអារាម រោងចក្រ។ល។
ទាក់ទងនឹងភាពស្អាតបន្ថែមទៀតក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យ គុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរង ការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។
ចំណែកភាពស្អាតលើផ្ទៃទឹក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការសម្អាតផ្ទៃទឹក ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តើម ចេញពីការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការហូរចូលនៃសំរាម សំណល់ប្លាស្ទិក និងថង់ប្លាស្ទិកចូលក្នុងប្រភពទឹក និងការពង្រឹងការត្រួតពិនិត្យលើទឹកកខ្វក់ហូរចេញពីរៀងចក្រ ឧស្សាហកម្មចូលទៅអូរ ប្រឡាយ បឹង ទន្លេជាដើម ៕