ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខយោធិននារី និងអតីតយុទ្ធជន កំពុងសម្រាកព្យាបាលជំងឺ នៅគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករកកំពង់ធំ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំសហការីជាយោធិននារី ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ គ្រឿងឧបករបរិភោគ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជនចំនួន ៤រូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានរដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីស្ថានភាពជំងឺ របស់យោធិននារីទាំងបីរូប និងអតីតយុទ្ធជនចំនួនមួយរូប ដែលបានមកសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានរយៈពេលបីថ្ងៃមកហើយ ហើយក្រោមការតាមដានដោយការយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺពីវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ បច្ចុប្បន្ននេះស្ថានភាពជំងឺរបស់យោធិននារី និងអតីតយុទ្ធជនទាំងបួនរូបបានធូរស្រាលជាបន្តបន្ទាប់ ហើយនឹងអាចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់អង្គភាព និងផ្ទះសម្បែងវិញនៅពេលដ៏ខ្លីខាងនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអរគុណចំពោះលោកគ្រូ និងអ្នកគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនយោធិននៅក្នុងអង្គភាព បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលជំងឺនៅផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាពេលន្លងមក ជាមួយនេះដែរក្រុមការងារនៃគិលានដ្ឋានយើងក៏បានប្រើប្រាស់រថយន្តគិលានសង្គ្រោះ ជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត និងនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញដោយឥតគិតថ្លៃផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិននារី និងអតីតយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ក្នុងការប្រើប្រាសថ្នាំព្យាបាលឱ្យបានទៀងទាត់ ដើម្បីឆាប់បានជាសះស្បើយ វិលត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពវិញ ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីនៃក្រុមយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជន ចំនួនបួនរូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាននៅពេលនេះ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាមួយចំនួនផងដែរ ៕