នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសត្រៀមខ្លួន ធ្វើការយ៉ាងជិតស្និទ្ធជាមួយរុស្ស៉ី ដើម្បីបង្ហាញពីសករាជថ្មីនៃទំនាក់ទំនងទ្វេភាគី កាន់តែមានជីជាតិ និងកាន់តែប្រសើរឡើង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនឯកឧត្ដម វ៉្លាឌីមៀ ពូទីន ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ី។
ក្នុងសារលិខិតអបអរសាទរ និងជូនពរផ្ញើជូនឯកឧត្ដម ពូទីន, សម្តេចធិបតី បានចាត់ទុកជ័យជម្នះនេះជាសក្ខីភាពដ៏រឹងមាំ និងការទទួលស្គាល់លើស្នាដៃ ដែលលោកពូទីន បាននាំមកជូនប្រជាជាតិរុស្ស៉ី។
ក្នុងសារលិខិតនេះ សម្តេចធិបតី បានគូសរំលេចផងដែរថា ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនង៧០ឆ្នាំមកនេះ កម្ពុជា និងរុស្ស៉ី បានរីករាយនឹងទំនាក់ទំនងប្រពៃណីនៃមិត្តភាពដ៏កក់ក្តៅ និងពិតប្រាកដ ដែលចងភ្ជាប់ដោយមនោសញ្ចេតនាដ៏រឹងមាំនៃទំនុកចិត្តផ្នែកនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក ដោយឈរលើតម្លៃរួម និងផលប្រយោជន៍រួម។
សម្តេចធិបតី បានបង្ហាញជំនឿចិត្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជា និងរុស្ស៉ី នឹងអាចប្រើប្រាស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរនៅក្នុងវិស័យជាក់ស្តែងដែលមានស្រាប់ និងបន្តទៅអនាគត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្ដម ពូទីន និងរដ្ឋាភិបាលរុស្ស៉ី ដើម្បីបង្ហាញពីសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-រុស្សី កាន់តែមានជីជាតិ និងកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ និងនាំមកនូវផ្លែផ្កាថ្មីបន្ថែមទៀត សម្រេចបាននូវសន្តិភាព ភាពសុខដុម និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក ៕