ខេត្តស្ទឹងត្រែង ដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២០ ខែមីនានេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ដោយពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុង បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។
ក្នុងន័យនេះ ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវបន្តអនុវត្តច្បាប់ ១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។
២.ត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។
៣.បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
៤.បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់ កាប់នោះជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
៥.ត្រូវពង្រឹងកិច្ចសហការជាមួយអ្នកដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ។
៦.៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០ ៕