ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងស្ដីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា” នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម សរុបប្រមាណជាង ២០រូប៕