សម្តេចធិបតី៖ រាជរដ្ឋាភិបាល បន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញវិធានគន្លឹះដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ដោយបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញនូវវិធានគន្លឹះដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅសំខាន់ៗរួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌ ក្នុងគោលបំណងកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ៕