ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឍមណ្ឌលសហប្រតិបត្តិការអន្ដរជាតិស្រាវជ្រាវក្សេត្រសាស្រ្ដសម្រាប់ការអភិវឌ្ឍ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត François ROGER នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឍមណ្ឌលសហប្រតិបត្តិការអន្ដរជាតិស្រាវជ្រាវក្សេត្រសាស្រ្ដសម្រាប់ការអភិវឌ្ឍ (CIRAD) នៅទីស្តីការក្រសួង។
ក្នុងអំឡុងនៃជំនួបនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងស្តីពីលក្ខន្ដិកៈនៃមជ្ឍមណ្ឌលសហប្រតិបត្តិការអន្ដរជាតិស្រាវជ្រាវក្សេត្រសាស្រ្ដសម្រាប់ការអភិវឌ្ឍ (CIRAD) នៅព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត François ROGER ក៏បានឆ្លៀតឱកាសលើកឡើងពីសកម្មភាពរបស់ CIRAD ដែលកំពុងដំណើរការនៅកម្ពុជា និងគម្រោងសកម្មភាពផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការពេញចិត្ត និងការជឿជាក់ចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មរបស់បារាំងតាមរយៈ CIRAD លើវិស័យអាទិភាពនានានៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅជាដៃគូយុទ្ធសាស្រ្ដរវាងកម្ពុជា និងបារាំង៕