គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះពិនិត្យសិក្សាកសិដ្ឋានដាំបន្លែរបស់សមាគមន៍កសិកម្ម តាសីសាមគ្គី នៅស្រុកថ្មគោល
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យសិក្សាកសិដ្ឋានដាំបន្លែរបស់សមាគមន៍កសិកម្ម តាសីសាមគ្គី ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ស្ថិតនៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
បច្ចុប្បន្នកសិដ្ឋានដាំបន្លែរបស់សមាគមន៍កសិកម្ម
តាសីសាមគ្គីនេះ បានពង្រីកផ្ទៃដីដាំដំណាំលើផ្ទៃដី៥០ហិចតា បានចុះបញ្ជីតាំងពីឆ្នាំ២០១៧ ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កន្លងមកនេះ ដោយមានដាំដំណាំរួមផ្សំក្នុងផ្ទះសំណាញ់ ក្នុងនោះមានស្ពៃក្រញាញ់ សាលាដ ត្រសក់ ជីរណា ខាត់ណា ស្ពៃក្តោប ស្ពៃតឿ ។ល។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានកោតសរសើរដល់កសិដ្ឋានដាំបន្លែរបស់សមាគមន៍តាសីសាមគ្គី ដែលមានគំនិតក្នុងការដាំដុះនូវបន្លែ និងកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែលបានជួយបង្រៀនបណ្ដុះបណ្ដាលនូវការដាំដុះ និងបានជួយនូវសម្ភារមួយចំនួន មានដូចជា ផ្ទះសំណាញ់ សម្ភារសំណាញ់ ព្រមទាំងផ្តល់នូវបច្ចេកទេសថ្មីៗរហូតទទួលបានជោគជ័យ ក្នុងការដាំដុះនៃផ្នែកកសិកម្មនេះ។
លោក ណុប នុន ប្រធានសមាគមន៍កសិកម្មតាសីសាមគ្គី ក៏បានសំណូមពរដល់អ្នកដែលមានធនធាន មេត្តាជួយវិនិយោគដល់ការសាងសង់ផ្ទះសំណាញ់ ព្រោះថាកសិករមានជំនាញ និងចំណេះ តែខ្វះធនធាន ដែលទាមទារសូមកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីសហគមន៍រីកចម្រើន និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យងាកមកទិញបន្លែដែលជារបស់ខ្មែរយើងដាំ មានតម្លៃសមរម្យ មិនប្រើប្រាស់សារធាតុគីមី យកទៅបរិភោគមិននាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ៕