សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងវិស័យពិការភាពគឺជាការចូលរួមគ្នាបង្កើនក្តីសង្ឃឹមបន្ថែមជូនបងប្អូនទាំងអស់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងវិស័យពិការភាពគឺជាការចូលរួមគ្នាបង្កើនក្តីសង្ឃឹមបន្ថែមជូនបងប្អូនទាំងអស់នូវភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូររបស់បងប្អូនដែលមានពិការភាពព្រមទាំងផ្លាស់ប្តូរឱ្យបាននូវការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាពដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជនជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព-សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព ៕