ប្រមុខរាជរដ្ឋាភិបាល កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កីឡាករ-កីឡាការិនី មានពិការភាពកម្ពុជា ដែលប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូន កីឡាករ-កីឡាការិនី មានពិការភាពកម្ពុជា ដែលបានប្រឹងប្រែងលើកកិត្តិយស ជូនជាតិមាតុភូមិ ដោយដណ្តើមបាន មេដាយពីព្រឹត្តិការណ៍កីឡានានា។
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បងប្អូនមានពិការភាព អាណាព្យាបាល និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ដ បញ្ញាស្មាតី តស៊ូ ព្យាយាម និងអត់ធ្មន់ ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកម្មរបស់ខ្លួន ជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេសជនមានពិការភាព របស់យើង»។
សម្តេចធិបតី ថ្លែងថា សម្តេចមានក្តីរំភើបរីករាយ ដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ នៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា, ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ»។
បន្ថែមពីនោះទៀត សម្តេចធិបតី គូសបញ្ជាក់ថា ជនមានពិការភាពទាំងអស់ មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។
សម្តេចធិបតី ក៏បានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។ សម្តេចថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ទៅលើជនមានពិការភាព។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ជនពិការបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនផងដែរ៕