សម្តេចធិបតី ប្រកាសទទួលយកសំណើ ធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទទួលយកដោយរីករាយ សំណើឱ្យសម្តេចធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ចំពោះការផ្តល់កិត្តិយសឱ្យខ្ញុំ ធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ខ្ញុំសូមអរគុណចំពោះការផ្តល់កិត្តិយសនេះ ហើយខ្ញុំសុំទទួលដោយរីយរាយចំពោះការងារនេះ»។
សម្តេចមហាបវរធិបតី បានឯកភាពរក្សាទីតាំងមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទុកជាប្រវត្តិសាស្ត្រ មិនឱ្យមានការដោះដូរទៅកន្លែងផ្សេងទៀតនោះទេ។
សម្តេចធិបតី បានលើកឡើងថា ទីតាំងនេះជាកន្លែងអំណោយផលមួយសម្រាប់ធ្វើកាងារ និងបានណែនាំឱ្យក្រសួងអប់រំ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ពិនិត្យមើលលើទីលានហ្វឹកហ្វឺនបន្ថែមទៀត ដើម្បីទុកជាសម្បត្តិរបស់ថ្នាក់ជាតិ ៕