នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការរើសអើង និងការមើលរំលង នូវសមត្ថភាព របស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ និងស្មារតី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការរើសអើង និងការមើលរំលងនូវសមត្ថភាព របស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ និងស្មារតី។
នាឱកាសអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា» នៅថ្ងៃ២១ មីនា សម្ដេចធិបតី បញ្ជាក់ថា «ការរើសអើង និងការមើលរំលង នូវសមត្ថភាព របស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកល ស្ដីពី ជនមានពិការភាព ព្រមទាំងនាំឲ្យបាត់បង់ សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍»។
សម្ដេចបន្ថែមថា ក្នុងន័យនេះ ការពង្រឹងវិស័យ ពិការភាពនាពេលនេះ គឺជាការចូលរួមជាមួយគ្នា ក្នុងការបង្កើនសង្ឃឹមបន្ថែមនូវភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្ដូរឲ្យបាននូវការគិតជាវិជ្ជមាន ប្រកបដោយគុណធម៌ សម្រាប់ ជនមានពិការភាព ដើម្បីចូលរួមចំណែក ដល់ការលើកកម្ពស់ ជនមានពិការភាព ប្រកបដោយបរិយាប័ន្ន ក្នុងដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ៕