សម្ដេចធិបតី៖ ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត របស់ជនមានពិការភាព ជាការចាំបាច់ ដើម្បីធ្វើឲ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនគ្មានពិការភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ដើម្បីធ្វើឲ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពនោះដែរ។
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឲ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាព រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព ដោយគ្មានការរើសអើង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកែលម្អ និងអភិវឌ្ឍន៍នូវបរិស្ថានរូបវ័ន្ដ មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹងព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល ជាកត្តាចាំបាច់ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាពផងដែរ។ ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្ដីពីជនមានពិការភាព ព្រមទាំងនាំឲ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍។
សម្ដេចធិបតីអះអាងថា ជនមានពិការភាពទាំងអស់មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។ សម្ដេចក៏បានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា និងលើកទឹកចិត្តដល់ជនពិការបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន ៕