អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៣” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ចំណុះអគ្គនាយកដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៣” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រី ដែលជាសិក្ខាកាមចំណុះនាយកដ្ឋានទាំង០៧។
ថ្លែងក្នុងពិធីបើកវគ្គសិក្សា ឯកឧត្តម បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ណែនាំដល់ លោក លោកស្រីជាសិក្ខាកាមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រវគ្គបណ្តុះបណ្តាល ជំនាន់ទី៣នេះ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា ព្រោះក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕