ជប៉ុនផ្តល់ថវិកាជាង ៧ម៉ឺនដុល្លារ សម្រាប់ការសាងសង់ដំបូល នៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ ស្ថានទូតជប៉ុនបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ ដល់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការក្នុងខេត្តបាត់ដំបង ក្រោមវត្តមាន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្នីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋា ភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការ អប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
សម្រាប់គម្រោងដែលយើងចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៦,៣៣៣ ដុល្លារ អាមេរិក (ចិតសិបប្រាំមួយពាន់បីរយសាមសិបបីដុល្លារអាមេរិក) ទៅដល់សហព័ន្ធកីឡាបាល់បោះរទេះជន ពិការកម្ពុជា (CWBF) ក្នុងគោលបំណងសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមាន ស្រាប់ស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តថា ដោយសារកង្វះខាតដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចក្នុងការហាត់សម ដោយសារពួកគេមិនអាចហាត់សម ក្រោមពន្លឺថ្ងៃខ្លាំង ភ្លៀង ឬនាពេលងងឹត។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការសាងសង់ដំបូលរួចរាល់ យើង រំពឹងថាអត្តពលិក អាចហាត់សមកីឡាបាល់បោះបានគ្រប់ពេលវេលា មិនថាអាកាសធាតុបែបណាក៏ដោយ ហើយ ក្រុមកីឡាបាល់បោះរទេះជនពិការ អាចទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុននៅក្នុងការប្រកួតអន្តរជាតិ នៅថ្ងៃអនាគត ៕