រដ្ឋមន្ត្រីក្រសួងផែនការ លើកទឹកចិត្តដល់មន្ត្រីរាជការក្រោមឱវាទ បន្តពង្រឹងសមត្ថភាពនិងអនុវត្តការងារតាមភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ដែលជាអនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ ក្រោមឱវាទក្រសួងផែនការ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងសាកសួរសុខទុក្ខចំពោះមន្ត្រីរាជការ ដែលជាអនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំអំពីបច្ចុប្បន្នភាព និងទិសដៅការងាររបស់ក្រសួងផែនការដល់មន្ត្រីរាជការក្នុងពិធី និងបានចែករំលែកនូវបទពិសោធន៍ ទស្សនវិស័យ ជាមួយនឹងការតម្រង់ទិសការងារ សម្រាប់អាជីពជាមន្ត្រីរាជការ និងលើកទឹកចិត្តដល់មន្ត្រីរាជការក្រោមឱវាទ បន្តពង្រឹងសមត្ថភាពនិងអនុវត្តការងារតាមភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ៕