គណ:កម្មការទី៣ នៃរដ្ឋសភា ជំរុញឲ្យអាជ្ញាធរខេត្តបាត់ដំបង គិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ និងបង្កើតការបណ្ដុះបណ្ដាលវិស័យកសិកម្ម
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណ:កម្មការទី៣) បានមានប្រសាសន៍ថា ខេត្តបាត់ដំបងជាខេត្តមានអំណោយផលដល់វិស័យកសិកម្ម ដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ តាមរយៈការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដូច្នេះអាជ្ញាធរខេត្តត្រូវគិតគូរពីការអភិវឌ្ឍ ការពង្រឹងសហគមន៍ បង្កើតការបណ្ដុះបណ្ដាលជំនាញកសិកម្មដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតខេត្តមួយនេះ ជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនាំកសិផលលក់ចេញទៅក្រៅប្រទេសផងដែរ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣ នៅក្នុងសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានធ្វើការកត់សម្គាល់ឃើញថា ខេត្តបាត់ដំបងជាខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងបានស្នើសុំឲ្យរដ្ឋបាលខេត្តបន្តថែរក្សាតម្លៃ សន្តិសុខ សណ្តាប់ធ្នាប់ល្អនេះឱ្យបានល្អជាបន្តទៀត ព្រោះវាជាវិស័យសាធារណៈដ៏មានសារៈសំខាន់។
ឯកឧត្តម សុខ លូ ក្នុងនាមរដ្ឋបាលខេត្តបានរាយការណ៍ជូនគណៈប្រតិភូគណៈកម្មការទី៣ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក។ ឯកឧត្ដម ក៏បានជម្រាបជូនអំពីផែនការទិសដៅត្រូវវអនុវត្តបន្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជាការងារអាទិភាពនោះគឺវិស័យកសិកម្ម និងធនធានទឹក ដែលរដ្ឋបាលខេត្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាព លើកកំពស់ខឿនការពារជាតិ ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ពិសេសការអភិវឌ្ឍតាមព្រំដែន ពង្រឹង និងវិនិយោគនៅតំបន់ច្រកព្រំដែន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលើកកំពស់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយកៀងគរក្រុមហ៊ុនវិនិយោគនានាមកវិនិយោគក្នុងខេត្ត ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិសេសតាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើឲ្យវិស័យកសិកម្ម និងធនធានទឹក ដើរតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើវិស័យរបស់គណៈកម្មការទី៣នៃរដ្ឋសភា។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តបាត់ដំបង។
ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលខេត្តបានលើកឡើង គណៈកម្មការទី៣ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ ៕