រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំថែមទៀត
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត សានតូ ដាម៉ូស៊ូម៉ារតូ (H.E. Dr. Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ជំនួបនារសៀលនេះ បានប្រព្រឹត្តទៅក្រោមបរិយាយកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។
តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងផ្លូវដែក ការអភិវឌ្ឍលើផ្លូវល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក និងការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ជម្រាបទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលបើកទូលាយ និងស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគី ក្នុងការវិនិយោគ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ដោយរំពឹងថានឹងមានជំនួបនាឱកាសក្រោយសារជាថ្មី ដោយនាំមកជាមួយនូវ បណ្តាវិនិយោគិនពីប្រទេសឥណ្ឌូនេស៊ីដែលមានសក្តានុពល ដើម្បីមកជជែកពិភាក្សាផ្លាស់ប្តូរទស្សនៈ សំដៅពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហការជាមួយគ្នា ៕