អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយ អនុប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា។
ក្រៅពីជំនួបសម្តែងការគួរសម ក៏បានពិភាក្សាការងារទៅលើ គម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាននៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕