ប្រមុខរាជរដ្ឋាភិបាល៖ អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ក្នុងប្រទេសកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងប្រទេសដទៃ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជាបានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើនគួរឱ្យ កត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងប្រទេសដទៃ។
តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន »
សម្តេចធិបតី បានមានប្រសាសន៍ថា ជាក់ស្ដែង អត្រាស្លាប់ដោយសារជំងឺរបេង បានថយចុះក្នុងអត្រា៤៥% ពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៣ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ ក្នុងឆ្នាំ២០២២។ រីឯករណីឆ្លងជំងឺរបេងថ្មីក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជា ជន ១០០ ០០០នាក់ នៅឆ្នាំ២០២២ គឺបានថយចុះ ៤៥% ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សមិទ្ធផលទាំងនេះ បានអនុញ្ញាត ឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង នៅមុនកាលកំណត់ ៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយ ដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅ លើសកលលោកអាចសម្រេចបាន ៕